កូន«ខ្លាឃ្មុំធំ»កម្រមួយ​ក្បាល​ត្រូវបាន​ពលរដ្ឋជួយសង្គ្រោះ​ពី​ការជាប់​អន្ទាក់​របស់​ព្រាន ​និង​យកមក​ប្រគល់ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​

35

កំពង់ស្ពឺ៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

​សត្វ​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាមច្បាប់​ស្តីពី​ព្រៃឈើ របស់​កម្ពុជា​) ហើយ​និង​ត្រូវបាន​ចាត់ជា​ប្រភេទ​ងាយ​រងគ្រោះ (VU) នៅក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ពិភពលោក ហើយ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ឧបសម្ព័ន្ធ នៃ​អនុសញ្ញា CITES មាន​វត្តមាន​នៅក្នុង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់​អាស៊ី​ខាងកើត​។ ខ្លាឃ្មុំ​ធំ​រស់នៅក្នុង​ប្រភេទ​ព្រៃ​ជាច្រើន​ប្រភេទ ដែល​រួមមាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ ។ នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា ។ ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំណី​ចម្រុះ​រួមមាន​រុក្ខជាតិ និង​សត្វ​។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

ឯកឧត្តមក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ ឯកឧត្តមបានឱ្យដឹងថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវ និងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕