តុលាការស្ទឹងត្រែងសម្រេចឃុំខ្លួនអ្នកកាសែត៩នាក់ក្រោយធ្វើការសាកសួរអស់រយ:ពេល២ថ្ងៃជាប់ៗគ្នា

34

ខេត្តស្ទឹងត្រែង៖ តុលាការ ខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនក្រុមអ្នកកាសែតចំនួន៩នាក់ពាក់ព័ន្ធនឹងការជំរិតទារលុយ៤ពាន់ដុល្លារពីមេឈ្មួញរកស៊ីដឹកឈើកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់មេឈ្មួញរកស៊ីឈើបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាំមកទីបញ្ចាការតាមបញ្ជា លោកឧត្តមសេនីយ៍ត្រី អៀង ចាន់ឌី មេបញ្ជាការប៉េអឹមខេត្តនាំមកឃុំខ្លួនរយៈពេល៤៨ម៉ោងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោយការសួរចម្លើយពី អយ្យការសាលាដំបូង ខេត្តស្ទឹងត្រែង អស់រយ:ពេល២ថ្ងៃពេញគឺចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបតុលាការសម្រេចចោទប្រកាន់ចំនួនពីរករណី។ ក្នុងនោះមានទី១.ពីបទកំហែងយក និងទី២.ពីបទជ្រៀតជ្រែកដោយខុសច្បាប់ចូលទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៣៦៣-៣៦៤ និងមាត្រា៦០៩ នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ដោយចៅក្រមស៊ើបសួរលោក ផុន វណ្ណា បានសម្រេចបញ្ជូនអ្នកកាសែតទៅឃុំខ្លួនបណ្ដោះអាសន្នក្នុង ពន្ធនាគារកាំងមេម៉ាយ ដើម្បីរង់ចាំធ្វើការស៊ើបអង្កេតបន្ត។

យោងតាមប្រភពក្រុមអ្នកសារព័ត៌មានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះថា ក្រុមឈ្មួញរកស៊ីទិញឈើដុះស្លែទាំងនោះដោយបានធ្វើច្បាប់ពី អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើគប់គិត (ឃុបឃិត) គ្នាជាប្រព័ន្ធថា ជាឈើទិញផ្ទះចាស់ៗទៅវិញ។ មហាជនមានចម្ងល់ថា តើផ្ទះឯណាធ្វើរួចហើយងាយរុះរើលក់វិញរាល់ថ្ងៃដឹកជញ្ជូនមិនចេះអស់នោះ ? តើរដ្ឋបាលព្រៃឈើ អាចចេញច្បាប់ឲ្យពលរដ្ឋទាំងនោះចូលព្រៃអាឈើធ្វើផ្ទះហើយលក់ៗ ? នេះគ្រាន់ជាឡេះពីសំណាក់មន្ត្រីជំនាញអាចជាកន្ទេលធំបន្លំដេកតែប៉ុណ្ណោះ។

ប្រភពបន្តទៀតថា ក្រោយបែកការណ៍ទើបមេឈ្មួញនោះប្តឹងក្រុមអ្នកកាសែតចោទថា ពួកគេបានជំរិតទារប្រាក់ចំនួន៤ពាន់ដុល្លារទៅវិញ។ តែធាតុពិតក្រុមអ្នកកាសែតមិនបានជំរិតទារប្រាក់ដូចការចោទប្រកាន់ កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ នោះទេ។ វាមិនខុសអ្វីនឹងពាក្យខ្មែរមួយពោលថា ចោររួចខ្លួនម្ចាស់ជាប់គុកនោះទេ។

ក្រុមអ្នកកាសែតទាំង៩នាក់ ក៍បានធ្វើការបដិសេធនូវពាក្យដដែលៗថា នេះជាល្បិចកលរបស់មេឈ្មួញដុះស្លែ តែប៉ុណ្ណោះដែលធ្វើឡើងតាមខ្សែញាក់ពីសំណាក់ក្រុមអ្នកពាក់ព័ន្ធបានលាភសក្ការដែលនៅពីក្រោយខ្នងតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា អ្នកការសែតមានគ្នាចំនួន៩នាក់បានបើកបររថយន្តបីគ្រឿងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមកនេះត្រូវបាន កងរាជអាវុធហត្ថខេត្ត ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការខេត្ត បញ្ជាឲ្យឃាត់ខ្លួននៅលើកំណាត់ផ្លូវជាតិលេខ៩ ត្រង់ចំណុចផ្លូវបំបែកចូលជាំធំមុខការ៉ាស់សាំង ស្ថិតក្នុង ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួននោះធ្វើតាមបណ្តឹងមេឈ្មួញរកស៊ីដុះស្លែជ្រកក្រោមស្លាកដឹកឈើផ្ទះចាស់ដើម្បីឲ្យអាជ្ញាធរចេញលិខិតបន្លំភ្លែកមហាជន និងសមត្ថកិច្ច រួចហើយឲ្យ រដ្ឋបាលព្រៃឈើ ចេញច្បាប់ធ្វើដំណើរទៅបានយ៉ាងរលូន។ ពួកឈ្មួញបានទិញឈើក្នុងតម្លៃធូរៗថ្លៃដឹកទៅលក់បន្តនៅស្រុកក្រោមវិញ ៕