ត្រៀមទីតាំង១០កន្លែងសម្រាប់ពលករមកពីក្រៅប្រទេស និងប្រគល់សាលារៀនឱ្យសិស្ស

17

( កំពង់ចាម ): រដ្ឋបាលខេត្តកំពង់ចាមបានត្រៀមទីតាំងចំនួន ១០កន្លែងសម្រាប់ពលករ ពលការិនី ធ្វើចត្តាឡីស័កនៅពេលបើកព្រំដែនកម្ពុជា-ថៃ ឡើងវិញនៅថ្ងៃទី១២ ខែសីហា និងប្រគល់សាលារៀនជូនសិស្សានុសិស្សដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខបន្ទាប់ពីសិស្សទទួលបានវ៉ាក់សាំងកូវីដ-១៩ ហើយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាៈ ឥឡូវយើងបានចាត់វិធានការដាក់ឱ្យអ្នកធ្វើចត្តាឡីស័កដែលពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនហើយគឺដើម្បីជៀសវាងការរស់នៅសម្រាកព្យាបាលនៅលាយឡំជាមួយអ្នកពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី (DELTA) ។

លោក អ៊ុន ចាន់ដា ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹកនសាខេត្ត លើកទី២៧ អាណត្តិទី៣ នៅថ្ងៃទី១០ សីហា ឆ្នាំ២០២១ ស្ថិតក្នុងសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បន្តថានេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្រោយពីរកឃើញអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មី ចំនួន ១២នាក់ នៅក្នុងខេត្តកំពង់ចាមរបស់យើង  ។

 លោក អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថាយើងបានត្រៀមឃ្លាំងរបស់មន្ទីរពាណិជ្ជកម្ម ចំនួន៣កន្លែង ដើម្បីយកទីនោះជំនួសសាលារៀនដែលយើងយកធ្វើចត្តាឡីស័ក និងព្យាបាលកម្រិតស្រាលកន្លងមកហើយប្រគល់សាលារៀនទាំងអស់នោះឱ្យខាងមន្ទីរអប់រំយុវជន និងកីឡា ផ្តល់ឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។

លោកបានបន្ថែមថាៈ ក្នុងនោះឃ្លាំងនៅស្រុកកំពង់សៀម សម្រាប់ជំនួសឱ្យវិទ្យាល័យព្រះសីហនុគឺ ផ្ទេរការព្យាបាលជំងឺកូ វីដ-១៩ កម្រិតស្រាល និងអ្នកជំងឺទាំងអស់ទៅកាន់ទីនោះវិញ ហើយឃ្លាំងនៅក្បែរមន្ទីរពាណិជ្ជកម្មក្នុងក្រុងកំពង់ចាម និងឃ្លាំងមួយទៀតនៅក្បែរសាលាស្រុកកងមាសសម្រាប់ជាកន្លែង ពលករ ពលការិនី ធ្វើចត្តាឡីស័ក។ ដូចនេះសាលារៀនចំនួន១០កន្លែង កន្លងមកដែលយកធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យើងប្រគល់សាលារៀនឱ្យសិស្សវិញដើម្បីត្រៀមលក្ខណៈបើកសាលារៀនឡើងវិញក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះបន្ទាប់ពីពួកគេ( សិស្ស ) ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់  ៕ សុខ ផន