ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-១៩ ដល់កុមារអាយុ១២ឆ្នាំដល់១៧ឆ្នាំ

10

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃច័ន្ទ១រោចខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១នេះ ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៧ឆ្នាំ នៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង
អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្ដម អភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ ព្រះសង្ឃសាមណេ ប្រជាពលរដ្ឋ ក្មួយៗ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រគេនព្រះសង្ឃសាមណេ និងជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង សម្រាប់ ព្រះសង្ឃសាមណេ កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំដែលរដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ខែសីហា ឆ្នាំ២០២១នេះតាមពេលវេលានិងទីតាំងដូចខាងក្រោម ពេលព្រឹកពីម៉ោង ០៧និង៣០ នាទី ដល់ម៉ោង១១និង៣០នាទី ពេលរសៀលពីម៉ោង០១និង០០នាទីរសៀល ដល់ម៉ោង០៤និង០០នាទីរសៀល រួមមាន៖
១- ក្រុងស្វាយរៀង៖ នៅសាលាបឋសិក្សាព្រះសីហនុ។
២-ក្រុងបាវិត៖នៅមន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍៖នៅមណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប៖ នៅសាលាបឋមសិក្សាសាមគ្គី
៥- ស្រុករំដួល៖ នៅសាលាបឋមសិក្សា កូវ សាមុត កំពង់ចក។
៦- ស្រុកចន្ទ្រា៖ នៅមណ្ឌលសុខភាព មេសថ្ងក
៧- ស្រុកស្វាយជ្រំ ៖ នៅសាលាបឋមសិក្សារកា,សាលាបឋមសិក្សាស្វាយជ្រំ , សាលាបឋមសិក្សាឈូកមាស, អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម ។
៨-ស្រុករមាសហែក នៅសាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍ , សាលាបឋមសក្សាស្វាយទន្ទឹម , សាលាបឋមសិក្សាដូង ,សាលាបឋមសិក្សាជីកដី ,សាលាបឋមសិក្សាក្រសាំង។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន៕ប៊ុនធឿន