ជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន600នាក់ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺខូវីដ-19

7

បន្ទាយមានជ័យ៖ ជនស្តារនីតិសម្បទា បន្សាបសារធាតុញៀនចំនួន600នាក់ ស្រី25នាក់ នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅព្រឹកថ្ងៃទី03 ខែសីហា ឆ្នាំ2021នេះ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺខូវីដ-19។

ដំណើរការវ៉ាក់សាំងបង្ការជំងឺខូវីដ-19នេះ មានការអញ្ជើញពិនិត្យ ដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រី ឆាន់ ចន្ទ័សោភ័ណ អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត។ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ណែនាំថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺខូវីដ-19 ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។ វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ឱ្យបានគ្រប់ៗគ្នា៕