ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ តាម ប្រព័ន្ធវីដេអូពីចម្ងាយ

6

ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ។ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធ ភាពនិងសមត្ថភាពកំពង់ផែដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយ ស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខនិងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរ ចូលរួម ចំណែកការពារបរិស្ថានដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់និងអន្តរជាតិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធ ចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាត នៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។

អង្គប្រជុំបានពិភាក្សា កែសម្រួលលើមាត្រា១ វាក្យសព្ទ មាត្រា៨ និងមាត្រា៩ និងបានឯកភាពលើ ខ្លឹមសារនៃគោលបំណងរបស់ច្បាប់នេះថា៖ “ច្បាប់នេះមានគោលបំណងគ្រប់គ្រងនិងអភិវឌ្ឍកំពង់ផែ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើសេវាកំពង់ផែ ផ្ដល់កាលានុវត្តភាពវិនិយោគកំពង់ផែ និងប្រកួតប្រជែងប្រកបដោយសមធម៌ ធានាសុវត្ថិភាពសន្តិសុខកំពង់ផែ រួមចំណែកការពារបរិស្ថានដើម្បីបម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។

គួរកត់សម្គាល់ថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។ មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ៕