លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យមន្ត្រីជលផលចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ឈូសឆាយដីព្រៃសហគមន៍នៅឃុំខុនរ៉ង ស្រុកបរិបូណ៌ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ

18

ខេត្តកំពង់ឆ្នាំង៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញរដ្ឋបាលជលផល ឲ្យចុះពិនិត្យនិងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ ដែលពួកគេបានលួចឈូសឆាយបំផ្លាញដីព្រៃលិ ចទឹក និងដីសហគមន៍របស់រដ្ឋ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ថា មានករណីជនល្មើសលួចឈូសឆាយដីព្រៃសហគមន៍ នៅក្នុងភូមិកំពង់អួរ ឃុំឃុនរ៉ង ស្រុកបរិបូណ៌ ជាដីព្រៃលិចទឹកតំបន់ ៣ គ្រប់គ្រងដោយសហគមន៍នេសាទ អស់ជាង៣០ហិកតា ក្នុងពេលថ្មីៗនេះ ដោយពួកគេធ្វើសកម្មភាពឈូសឆា យនៅពេលយប់។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហៈ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ជាអ្នកគ្រប់គ្រងដែនសមត្ថកិច្ចខាងលើនេះ លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះទៅពិ និត្យនិងស្រាវជ្រាវភ្លាមៗដែរ លទ្ធផលបានពិនិត្យឃើញមានការឈូសឆាយដីព្រៃថ្មី នៅចំណុចខាងលើនេះអស់ទំហ៊ំប្រមាណជាង១១ហិកតា ចំណែកដីប្រមាណ២០ហិកតាទៀតគឺជាដីចាស់ ហើយករណីនេះមន្ត្រីជំនាញកំពុងស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។

នេះបើតាមការបញ្ជាក់ពីលោក តាត សីហៈ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងបានបញ្ជាក់ប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ។

ដោយឡែកករណីខាងលើនេះប្រជាពលរដ្ឋក៏បានធ្វលការរិះគន់ផងដែរថា កន្លងមកគេពុំដែលឃើញសមត្ថកិច្ចជំនាញចាត់ការជន ល្មើសដែលលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនោះបានឡើយ។

បើទោះជាប្រជាពលរដ្ឋបានរាយការណ៍ទៅដលើមន្ត្រីជំនាញឲ្យសហការជាមួយពួកគាត់ក៏ដោយហើយករណីលួចឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ចេះតែកើនឡើងជាលំដាប់ មកដល់ពេលនេះវាលល្ហរល្ហេវអស់ទៅហើយ។

ដូចនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់ចុះពិនិត្យតាមតំបន់ដីព្រៃនឹកទឹករបស់រដ្ឋ និងដីព្រៃសហគមន៍ដែលត្រូវបានគេលួច​ឈូសឆាយយកធ្វើជាកម្មសិទ្ធិ ស្ទើរគ្មានសល់ គ្រប់ទីកន្លែងនិងស្នើសុំឲ្យមន្ត្រីជំនាញ,សមត្ថកិច្ច, និងអាជ្ញាធរមេត្តាទទួលយកការសហ ការពីប្រជាពលរដ្ឋផង៕សុក្ខារិន