អ្នកមានឥទ្ធិពលម្នាក់ចាក់ដីលប់ព្រែកធម្មជាតិ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិនៅស្រុកកំពង់រោទ៌

15

ខេត្តស្វាយរៀង៖ មហាជនានរិះគន់បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ មិច ជាឈ្មួញទិញស្រូវដ៏មានឥទ្ធិពលម្នាក់ បានចាក់ដីលប់ព្រែកធម្មជាតិនិងចំណីផ្លូវយកទៅធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូវទឹកដ៏សំខាន់នៅចំណុចស្ពានអូរសាដាវ ស្ថិតនៅភូមិអូរ ឃុំថ្មីស្រុកកំពង់រោទ៌។

ករណីនេះបានកើតឡើងជិត០៤ខែមកហើយគឺចាប់តាំងពីខែមិនា២០២១ប្រជាពលរដ្ឋបានប្រតិកម្ម ហើយសូមឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ក៏ប៉ុន្តែគ្មានប្រសិទ្ធិភាព។

នៅព្រឹកថ្ងៃទី២៥មិថុនា២០២១នេះលោកអភិបាលស្រុកកំពង់រោទ៌ លោកប្រធានការិយាល័យភូមិបាលស្រុកកំពង់រោទ៌និងលោកប្រធាមន្ទីរធនធានទឹកនិងឧតុនិយមខេត្តលោកមេឃុំថ្មី បានចុះពិនិត្យទីតាំងចាក់ដីនោះហើយ គឺអ្នកចាក់ដីលប់ព្រែកសាធារណៈនោះឈ្មោះ តាត ប៊ុណ្ណារិទ្ធ«ហៅមិច»ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរ ម្ចាស់ស្ថានី ទិញស្រូវលក់ចេញទៅប្រទេសវៀតណាម មានទីលំនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌ខេត្តស្វាយរៀងក៏ប៉ុន្តែក្រុមអាជ្ញាធរ ទៅដល់ផ្ទះ ក៏មិនបានជួបដែរ ឃើញផ្ទះបិទទ្វា ដូច្នេះសូមបីអាជ្ញាធរក៏ពិបាកទំនាក់ទំនងដែរ។

ទាក់ទិនករណីនេះលោកសំ ពាន់ មេឃុំថ្មី បានប្រាប់អ្នកសារព័ត៌មានថា ករណីឈ្មោះ មិច ចាក់ដីលប់ព្រែកធម្មជាតិនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ កើតឡើងតាំងពីដើមខែមិនា២០២១មកម្លេះលោកបានឲ្យសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំទៅ ហាមឃាត់ឲ្យផ្អាកឈប់ធ្វើសកម្មភាព ហើយបានកោះហៅ ឈ្មោះតាត ប៊ុណ្ណារិទ្ធិ «ហៅមិច»មកសាកសួរនៅសាលាឃុំថ្មី ករណីចាក់ដីបំពេញលើដី ក្បែរស្ពានសាដាវ ដែលធ្វើឲ្យប៉ះពាល់ព្រែកធម្មជាតិរបស់រដ្ឋនិងចំណីផ្លូវសាធារណៈ ឈ្មោះខាងលើនេះបានឆ្លើយថា ខ្លួនគ្មានលុយ ឯណា ទៅចាក់រំលោភយកដីរដ្ឋ ខុសពីដីខ្លួនឯងទេ ប៉ុន្តែក្រុមអ្នកឡានចាក់ដី ចាក់សុទ្ធតែដីទន់ ទើបត្រូវបាក់ហៀ ចេញចូលក្នុងព្រែកបែបនេះ ។

ជនខាងលើ បានបន្តទៀតថា ក្នុងនាមគេជាម្ចាស់ដី បានប្រាប់ទៅក្រុមអ្នកម៉ៅការចាក់ដី ថា កុំចាក់ដីឲ្យហៀចូលដីរដ្ឋប្រយត្ន័ ឃុំស្រុកគេរករឿង ។ក្រុមអ្នកចាក់ដីឆ្លើយថា ទុកឲ្យដីរឹងបន្តិច និងកាយយកអាចម៍ដីវិញ។

ក៏ប៉ុន្តែជននេះមិនបានគោរពតាមកិច្ចសន្យានោះទេ បែជាផ្គើន ខណៈអាជ្ញាធររវល់ ការងារចុះស្រាវជ្រាវ រកអ្នកពាក់ពន្ន័ អ្នកជម្ងឺកូវីដ១៩ ចំអប់រំប្រជាពលរដ្ឋទប់ស្កាត់ការឆ្លងកូវីដ១៩ ជនឈ្មោះតាត សុវណ្ណរិទ្ធ ហៅមិច ឈ្លៀតឱកាស់បានលួចចាក់ដីបំពេញ រហូតពេញស្មើថ្នល់ជាតិ រំលោភលើដីព្រែកធម្មជាតិរបស់រដ្ឋនិងដីចំណីថ្នល់តែម្តង។ទាក់ទិនករណីនេះដែរ លោកសុច ពិសី អភិបាលស្រុកកំពងើរោទ៌ បានមានប្សាសន៍ថា លោកបានឲ្យមន្ត្រីជំនាញការិយាល័យ ភូមិបាលស្រុកហៅឈ្មោះមិចមកសាកសួរ ការចាក់ដី អត់សុំច្បាប់អាជ្ញាធរ ធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋ ជន នេះបានឆ្លើយថា ខ្លួនទិញដីគេ មានប្លង់ ដូច្នេះលោកកំពុងឲ្យមន្ត្រីភូមិបាលស្រុកដាក់សំណើរទៅលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់និងសុរិយោដីខេត្ត ឆែកមើលកំណត់ហេតុ នៃគំនុសប្លង់វាសវែង ថាតើបណ្ណ័សំគាល់សិទ្ធិនេះទំហំ ប៉ុណ្ណា ? ដោយគេបង្ហាញបណ្ណ័ចុះបញ្ជីនៅឆ្នាំ២០០១។

បើពិនិត្យមើលជាក់ស្តែង ចំណីផ្លូវជាតិ លេខ៣១៤Dនេះចំណីផ្លូន២៥ម៉ែត្រ ព្រែក អូរសាដាវ ចំណី អូរ ១០ម៉ែត្រ ក៏ប៉ុន្តែការពិនិត្យឃើញថា ចាក់លប់ចំណីផ្លូវនិងលប់ចូលដល់ពោះអូរទៅហើយ។លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថា បញ្ហា ទីតាំងចាក់ដីលប់ចំណីអូរសាដាវនេះ គឺលោកបានចុះពិនិត្យហើយកំពុងសហការជាមួយអាជ្ញាធរស្រុកលោកស្រាវជ្រាវ កំណត់ផលប៉ះពាល់លទ្ធផលយ៉ាណា ចាំស្រាវជ្រាវសិន។លោកបញ្ជាក់ថា អូរសាដាវនេះ ស្ថិតនៅជិតព្រំដែន នាំទឹកសម្រាប់ឲ្យប្រជាកសិករស្រោចស្រប់ស្រែរាប់ពាន់ហិកតាក្នុងឃុំថ្មី ទាំងប្រាំងវស្សា និងសម្រាប់គោក្របី ផឹក នារដូវប្រាំង៕