ប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់អូឡាំពិច នៅតែបន្តអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ សូមឱ្យសាលាចិន «ទួនហ្វា» ដកខ្លោងទ្វារដែល​សាងសងលើផ្លូវសាធារណៈ និងយកធ្វើជាចំណតរយថយន្ដផ្ទាល់ខ្លួនចេញ បន្ទាប់ពីមានការតវ៉ាច្រើនថ្ងៃតែគ្មានដំណោះស្រាយសមស្រប

124

ភ្នំពេញ៖ រហូតមកទាល់ពេលនេះ​ រឿងរ៉ាវចំរូងចំរាស់មួយដែលបានកើតឡើងរវាង សាលាចិនទួនហ្វា និងប្រ​ជា​ពលរដ្ឋដែលរស់នៅភូមិ៣ សង្កាត់​អូរឡាំពិច ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ នៅតែមិនទាន់មានដំ​ណោះស្រាយ​ណាមួយដែលសមស្រប បន្ទាប់ពីមានការចោទថាសាលាចិន «ទួនហ្វា» បានវាតទីផ្លូវសាធារណៈយកផ្លូវធ្វើជាចំណតរថយន្តផ្ទាល់ខ្លួន និងសាងសង់ខ្លោងទ្វារលើផ្លូវសាធារណៈ ។

ករណីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៣ សង្កាត់អូរឡាំពិច ដែលមានលោកស្រី ហៀង ស្រីនាង អាយុ៤១ ជាតំណាង ក៏ធ្លាប់បានប្តឹងជំទាស់ជាច្រើនដងផងដែរ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ប្តឹងទៅសាលាខណ្ឌបឹងកេងកង ដោយមានការជួបផ្ទាល់និងសម្ដែអមតិនៅមុខលោកអភិបាលខណ្ឌ ធឹម សំអាន ហើយលោកអភិបាលក៏បានចុះហត្ថលេខាផងដែរ ។ លើកទី២ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ប្តឹងទៅសាលាក្រុងរាជធានីភ្នំពេញ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ប្តឹងទៅក្រសួងមហាផ្ទៃ ។

ប៉ុន្តែ បើទោះជាមានការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ដោយការចេញលិខិតផ្លូវការកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ជូនដល់សាលារាជធានីភ្នំពេញឱ្យពិនិត្យ និងដោះស្រាយយ៉ាងណាក្តី ក៏នៅតែមិនមានដំណោះស្រាយសមស្របសម្រាប់ប្រជាពលរដ្ឋនៅឡើយ ហើយបើទោះជាមានការសាងសង់ខ្លោងទ្វារបានសម្រេចយ៉ាងណាក្តី គឺមានតែហាមឃាត់ពីអាជ្ញាធរខណ្ឌបឹងកេងកង មកលើប្រជាពលរដ្ឋទៅវិញ ។

ពាក់ព័ន្ធករណីនេះផងដែរ ភ្នាក់ងារសារព័ត៌មាន ខ្មែរខូវឺធីវី និង BDN TV Online ក៏បានទទួលការណាត់​បកស្រាយពីលោក ធឹម សំអាន អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក តែការណាត់នោះត្រូវបរាជ័យ ដោយលោក ធឹម សំអាន មិនបានមកធ្វើការ និងទំនាក់ទំនងតាមទូរស័ព្ទមិនទទួល ។

មកដល់ពេលនេះ វិវាទរវាងសាលាចិន «ទួនហ្វា» និងប្រជាពលរដ្ឋ នៅតែមិនទាន់ទទួលបានដំណោះស្រាយមួយដែលសមស្រប ខណៈប្រជាពលរដ្ឋដែលរស់នៅភូមិ៣ សង្កាត់អូរឡាំពិច នៅតែបន្តទទូចដល់អាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ និងសុំឱ្យសាលាចិន ទួនហ្វា ដក់ឲខ្លោងទ្វារចេញ ។

លោក ទេព កុសល ជាអាជីវកររស់នៅទីតាំងខាងលើបានរៀបរាប់ឱ្យដឹងថា មកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បើទោះជាលោកបានលក់ដូរជាធម្មតាវិញ ដោយមិនមានការហាមឃាត់ពីអាជ្ញាធរ ឬសាលាយ៉ាងណាក្ដី ប៉ុន្តែការលក់របស់គាត់មិនសូវបានដូចមុននោះទេ ព្រោះតែប្ដូរទីតាំងមកលក់នៅខាងក្នុង ខុសពីកន្លែងមុនលក់នៅខាងក្រៅ ។

លោក ទេព កុសល បន្តទៀតថា ក្នុងនាមលោកជាប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់អូរឡាំពិច លោកសូមអំពាវនាវ និងសូមណូមពរដល់អាជ្ញាធរពាក់ព័ន្ធ​ មេត្តារកដំណោះស្រាយដែលសមស្របសម្រាប់ពួកគាត់ ពិសេសចាត់វិធានការដក់ខ្លោងទ្វារដែលសាលាចិនទួនហ្វាបានសាងសងនោះចេញ ព្រោះការដាក់ខ្លោងទ្វារនេះ បានធ្វើឱ្យប៉ះពាល់អារម្មណ៍ ពោលនៅពេលដែលដើរក្រោមខ្លោងទ្វារនេះគេគិតថាជាខ្លោង​ទ្វាររបស់សា​លា ។ ម្យ៉ាងវិញទៀត ការយកផ្លូវសាធារណៈខាងក្រោយសាលាមកធ្វើជាចំណតផ្ទាល់នេះបានបង្កការកកស្ទះ និងបិទផ្លូវចរាចរពលរដ្ឋទូទៅ ហើយនៅថ្ងៃណាមួយក៏មិនប្រាកដប្រជាថា ខាងសា​លានឹងបិទឬយ៉ាងណា ព្រោះតែមិនភាពច្បាស់​លាស់ ដូច្នេះហើយទើបលោក និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅទីនេះមិនអស់ចិត្ត និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធមានការត្រួតពិនិត្យដកចេញតែម្ដង ៕