ឃ្លាំងស្តុកខោអាវជជុះ កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សារ៉ុងក្លឿ ត្រូវបានអគ្គិសភ័យឆាបឆេះ ទាំងស្រុង

73

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៩.០០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ឃ្លាំងស្តុកខោអាវជជុះ (ខោអាវគីម) កំរាលព្រំ កន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សារ៉ុងក្លឿ ត្រូវបានអគ្គីសភ័យឆាបឆេះទាំងស្រុង ដែលស្ថិតនៅទល់មុខផ្សារBig-C នៅក្នុងភូមិ ដងងូ ឃុំ ប៉ារ៉ៃ ស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

យោងតាមសមត្ថកិច្ចថៃបានឲ្យដឹងថា៖ ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរយើងបានជួលទុកដាក់កំរាលព្រំ កន្ទេលធំ និងខោអាវជជុះ(ខោអាវគីម)ដែលឃ្លាំង K-72 និង K73។

ប្រភពខាងលើបានបញ្ជាក់ថា៖បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា៖នៅមុនពេលកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូងឃ្លាំងនិងមានផ្ទុះបែកផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏បណ្តាលទៅជាអគ្គីភ័យឆាបឆេះតែម្តងទៅហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលងាយនិងបង្កឲ្យមានការឆាបឆេះលឿននិងខ្លាំងឡើងៗធ្វើឲ្យឃ្លាំងចំនួន២ត្រូវខូចខាតទាំងស្រុង។

ហើយសមត្ថកិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ2021នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេ ថា អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីឲ្យពិតប្រាកដដោយរងចាំសមត្ថកិច្ចមកពិនិត្យស្រាវជ្រាវនៅព្រឹកនេះសិន។

បើយោងតាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋានថា ទាំងសំបកឃ្លាំង និងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនោះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង5.000.000បាត (ប្រាំលានបាត)នោះទេ៕