រថយន្តស៊េរីទំនើបម៉ាកBMWបើកបរដោយនារីស្រស់ស្អាតម្នាក់បោះពួយយ៉ាងលឿនឡើងចិញ្ចើមផ្លូវបុករះដើមផ្កានិងបង្គោលភ្លើងថ្មបាក់អស់មួយដើម

39

ភ្នំពេញ:÷នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅខាងស្តាំឡើងចិញ្ចើមផ្លូវបុករះដើមផ្កាមុខផ្ទះប្រជាពលរដ្ឋបែកថូផ្កានិងដើមផ្កាអស់ជាច្រើនដើម រួមនឹងបង្គោលភ្លើងថ្មមួយដើមដាច់ដល់គល់ ចំណែករថយន្តខ្ទេចផ្នែកខាងផ្ទប់និងបង្គោលភ្លើងទៅលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះលេខ ២២ តាមវណ្តោយផ្លូវ ៦១៤ ខាងកើតផ្សារ៧ មករា ប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា៖មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តស៊េរីទំនើបម៉ាកBMW X3ពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-1123ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវផ្ទះប្រជាពលរដ្ឋបុករះថូដាំដើមផ្កាបាក់រាយប៉ាយអស់ជាច្រើនដើមរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមបាក់ ចេញពីគល់ ចំណែករថយន្តបង្កគេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។

ក្រោយពីបង្កហេតុរួចគេឃើញអ្នកបើកបររថយន្តជាស្រីស្អាតម្នាក់បើកទ្វារចុះពីលើរថយន្តចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួមនិងបុគ្គលិកអគ្គិសនីកម្ពុជា ចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ រួចសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុនិងហៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំម្ចាស់ដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៏: KC919