ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនចេញជួយស្រ្តីមានផ្ទៃពោះ ស្របពេលផ្ទៃសមុទ្រមានព្យុះ និងរលកធំៗអំឡុងពេលដើមឆ្នាំ

18

កោះរ៉ុង ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវបានក្រុមនាវិកគ្រូនិងពេទ្យ សង្គ្រោះបឋមបានបញ្ជូនបានដោយជោគជ័យទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីត្រៀមសំរាល ក្រោយមានអន្តាគមន៍និងបញ្ជារផ្ទាល់ឧកញ៉ា ទៀ វិចិត្រ ដែលមហាជនតែងតែចាត់ទុកថាជាឧកញ៉ាគុណធម៌នៃទិសនិរតីប្រទេសកម្ពុជា។
ក្រុមសង្រ្គោះមានគ្នាប្រមាណ ៧នាក់នៃក្រុមនាវិក និងគ្រូពេទ្យសង្រ្គោះបឋមរបស់ក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ បានចេញប្រតិបត្តការរបស់ខ្លួនដោយជោគជ័យនៅពេលមានការស្នើរសុំជំនួយពី លោកស្រី យឹម ស្រីនាង អាយុ ២២ឆ្នាំ រស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ យោងតាមរយៈភ្នាក់ងារសារព័ត៌មានខ្មែរខូវឺធីវី ប្រចាំខេត្តព្រះសីហនុបានបញ្ជាក់អោយដឹងថា នៅអំឡុងពេលដើមឆ្នាំរៀងរាល់ឆ្នាំ ពិសេសនៅខែចេត្រនេះតែម្តងរលកសមុទ្រមានសភាពធំៗ ខ្យល់ខ្លាំង និងមានព្យុះជាញឹកញ៉ាប់ធ្វើអោយទូកនេសាទ និងទូកនានាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនហ៊ានចេញផ្តេសផ្តាស់នោះទេ។ ស្របពេលជាមួយគ្នានេះដែរ ស្រ្តីម្នាក់ដែលគេស្គាល់ថាឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង មានអាការៈឈឺពោះខ្លាំងត្រៀមនិងសំរាល ដោយពិបាករកទូក អូប័រ ដើម្បីដឹកយកមកមន្ទីរពេទ្យក្រុមគ្រួសារក៏សំរេចទំនាក់ទំនងក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីដឹកលោកស្រ្តីទៅពេទ្យ ភ្លាមៗនោះក្រុមការងារក៏ចុះអន្តាគមន៍ភ្លាមៗតែម្តង ដោយសកម្មភាពនេះត្រូវបានមហាជនអបអរគាំទ្រលើសលប់ និងលើកសរសរម្តងហើយម្តងទៀតដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលមានឆន្ទៈខ្ពស់ក្នុងគុណធម៌ ចូលរួមជួយប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជំនួយស្របតាមមាគ៌ាសន្តិ។
សូមបញ្ជាក់ផងដែរថា ស្ត្រីដែលឈឺពោះសំរាលខាងលើសំរាលបានកូនប្រុសដ៏ទ្រលុកទ្រលន់ភ្លាមៗក្រោយបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ សពថ្ងៃទាំងម្តាយទាំងកូនមានសុខភាពល្អធម្មតា ហើយក្រុមគ្រួសារនិងសាច់ញាតិបានគោរពថ្លែងអំណរគុណដោយម្រាមដៃដប់ដល់លោកឧកញ៉ា ទៀ វិចិត្រ ផងដែរ៕