ឯកឧត្តម ហ៊ុន ជា « ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយមើលគីឡូឡេគេផង »

68

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ជា និង​ជា​ក្មួយ​ប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា មិនអស់ចិត្តរឿងក្រសួងពាក់ព័ន្ធ គ្មានវិធានការលើអ្នកសម្ដែង រឿងទុំទាវ២០២១ ដែលជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ គ្រាន់តែធ្វើកិច្ចសន្យា ៨ចំណុច និងសុំទោស ដើម្បីបញ្ចប់រឿង ក៏ប្រលះពេញៗមាត់ថា « ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយ មើលគីឡូឡេគេផង » នេះបើតាមការបង្ហោះសារនៅបណ្ដាញសង្គមរបស់ឯកឧត្តមផ្ទាល់ ដែលមានឈ្មោះ « HC ហ៊ុន ជា ដើម្បីខ្មែរ » នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ដោយក្នុងនោះឯកឧត្តម ហ៊ុន ជា បានសសេរថា « រឿងទុំទាវ2021 ដែលអាចមានក្រសួងពាក់ព័ន្ធ:

1. ក្រសួងព័ត៍មាន

2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

3. ក្រសួងធម្មការ និងសាសនា

4. ក្រសួងអប់រំ

ច្បាប់គ្រប់យ៉ាងដែលអាចពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុកក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេមិនធម្មតារបស់អូនទាវ ដើម្បីបន្ទុំសាច់អោយសរល្អ។ តែបើតាមខ្ញុំលឺប្រជាពលរដ្ឋដូចមិនពេញចិត្តទេ ហើយពួកគាត់បានអោយខ្ញុំជួយបង្ហាញពីអារម្មណ៍ពួកគាត់ផងគឺថា ថ្ងៃក្រោយបើមានអ្នកណាធ្វើខុស រឺ សំដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ:

១- ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ

២- រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ

៣- ធ្វើលិខិតសុំទោសទុកអោយហើយទៅ

យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន

»ប្រជាពលរដ្ឋ និងព្រះសង្ឃដែលខ្ញុំបានជួប ពួកគាត់បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយមានក្រសួងណាឆ្លើយតបអត់

»ចម្លើយ: ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយ មើលគីឡូឡេគេផង អោយអូនសុំទោស »។

ជាមួយគ្នានោះដែរលោក ផែង វណ្ណៈ ក៏បានបង្ហោះសារឆ្លើយឆ្លងជាមួយ ឯកឧត្តម ហ៊ុន ជា ថា « សម្លាញ់ជាអើយ ឈប់និយាយរឿងទុំទាវឆ្នាំ២០២១ ទៅ គេយកលុយចែកគ្នាចាយអស់ហើយ សម្លាញ់ឯងនិយាយនាំតែគេស្អប់ទេ។ ជាពិសេសក្រុមអាក្ដុកក្ដួល និងបក្សពួកខឹងយើងណាស់។ សំណាងហើយសម្លាញ់ឯងក្មួយនាយករដ្ឋមន្ដ្រី សម្លាញ់ឯងនិយាយគ្មានអ្នកណាហ៊ានលាបពណ៌ ថាសម្លាញ់ឯងជាបក្សប្រឆាំងទេ បើឯងនិយាយវិញគេលាបពណ៌ងាប់ អត់អំបិលប្រលាក់ទេ។ លាហើយ ទុំទាវឆ្នាំ២០២១! យូ អា វីន »។

សូមបញ្ជាក់ថា៖ កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយពីឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១ តែលទ្ធផលគឺក្រុមសម្តែង រឿង ទុំទាវ ២០២១ បានត្រឹមសុំទោស និងធ្វើកិច្ចសន្យា ៨ចំណុច៕