App ថ្មីរបស់ក្រសួងសាធារណ:ការនិងដឹកជញ្ជូនបង្កើតឡើងដើម្បីកាត់ពិន្ទុអ្នកបើកបរល្មើសច្បាប់ ចំនួន12ពិន្ទុ ប័ណ្ណបើកបរនោះនិងប្រើលែងបានតែម្តង

23

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ចាប់ពីឆ្នាំ២០២២ តទៅ ក្រសួងមិនឱ្យអ្នកបើកបរល្មើសច្បាប់ណាបង់លុយហើយ បានរួចខ្លួននោះឡើយ។

ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដងប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។

លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់

ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ «ប្រព័ន្ធApp ថ្មីមួយទៀតដែលយើងកំពុងធ្វើ

សង្ឃឹមថាគោលដៅយើងនឹង ធ្វើឱ្យបានចប់នៅខែមិថុនា ដើម្បីយើងខ្ញុំនឹងយកទៅបង្ហាញជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នូវកម្មវិធីមួយកាត់ពិន្ទុលើប័ណ្ណបើកបរ។

ច្បាប់យើងបានចែងថា ៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន គឺមានការដកពិន្ទុអ្នកបើកយានយន្តខុសច្បាប់។

ឧទាហរណ៍ បើកលើសល្បឿនកំណត់នៃច្បាប់ បើកមិនឈប់ភ្លើងក្រហម បើកដោយប្រើគ្រឿងស្រវឹង -ល-។

មានមុខងារមួយចំនួននេះ ចឹងខុសកន្លែងនេះដក២ពិន្ទុ ខុសកន្លែងមួយទៀតដក ៣ពិន្ទុ អ៊ីចឹងយើងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២២។

៥ឆ្នាំក្រោយពីច្បាប់ចូលជាធរមាន»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា: ក្រសួងកំពុងតែរៀបចំធ្វើ App នេះ។

នៅពេលអនុវត្តន៍យានយន្តបើកល្មើសច្បាប់ មន្ត្រីអនុវត្តន៍ច្បាប់ នឹងស្នើសុំយកប័ណ្ណបើកបរ ហើយយកកម្មវិធីនេះស្កេនលើប័ណ្ណបើកបរ។

បើមានកំហុសអីដាក់ចូលភ្លាម ប្រព័ន្ធនៃកម្មវិធីនេះនឹងបូកដកពិន្ទុភ្លាមៗស្វ័យប្រវត្តិតែម្តង។

នៅពេលដកពិន្ទុគ្រប់ហើយ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង។

លោកទេសរដ្ឋមន្ត្រី បានបន្តថា សម្រាប់អ្នកបើកបរល្មើសច្បាប់ មិនមែនអាងថា មានលុយបង់ហើយ គឺបានរួចខ្លួននោះទេ គឺធ្វើការផាកពិន័យហើយ នឹងដកពិន្ទុបន្ថែម មិនអាចអោយប្រើប័ណ្ណបើកបរទៀតនោះទេ។ ហើយការដកយកក្នុងរយៈពេល៦ខែ ឬ១ឆ្នាំទៅតាមច្បាប់កំណត់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមទៀតថា: អ្នកបើកបរល្មើសច្បាប់ ហើយកាត់អស់ចំនួន១២ពិន្ទុ ប័ណ្ណបើកបរនឹងប្រើការលែងបានតែម្តង៕