ទីបំផុតភាគីទំនាស់ដីធ្លីរឿងសង់របងបិទផ្លូវនៅកែប សម្រេចបញ្ចប់វិវាទ ក្រោមការសម្របសម្រួលពីអភិបាលខេត្ត

5

កែប៖ ដោយអនុវត្តតាមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលខេត្តកែប បានចុះពិនិត្យដោះស្រាយនៅទីតាំងដីដែលមានទំនាស់ជាក់ស្តែងមួយកន្លែង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប ដែលជាលទ្ធផលភាគីទាំងពីរបានយល់ព្រមសម្របសម្រួល ព្រមទាំងបានសម្បទានដីផ្ទាល់ខ្លួនសម្រាប់ធ្វើផ្លូវសាធារណៈជូនប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់ ក៏ដូចជាប្រយោជន៍សាធារណជនទូទៅផងដែរ។ 

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានឲ្យដឹងថា ភាគីទំនាស់ទាំងពីរនេះ មានការទាស់ទែងគ្នា ជាយូរមកហើយរហូតមានការប្តឹងផ្តល់គ្នាទៅតុលាការ ដោយបញ្ហាកើតឡើងដោយសារភាគីដើមបណ្តឹងមានឈ្មោះ ជ សៀកវែង និងចុងបណ្តឹងឈ្មោះ ឈឹម សុពុទ្ធា ក្នុងករណីសង់របងបិទផ្លូវចេញចូល និងរំលោភចូលដី ដោយសារមិនចង់ទុកឲ្យរឿងនេះរាំរ៉ៃលោកបានណាត់ភាគីទាំង២មកជជែកគ្នាម្តងម្នាក់ៗ ដើម្បីរកចំណុចរួម ជាចុងក្រោយភាគីទាំង២ បានយល់ព្រមបញ្ចប់វិវាទគ្នាក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្របសម្រួលរបស់លោក ហើយថែមទាំងព្រមកាត់ដីផ្ទាល់ខ្លួនធ្វើផ្លួវជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះថែមទៀតដើម្បីទុកជាប្រយោជន៍រួម។ 

គួររំលឹកផងដែរថា មុនឈានដល់ដំណាក់កាលសម្របសម្រួលគ្នានេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះរុះរើរបងថ្ម និងទ្វារដែក ដែលសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹង ដោយការចុះរុះរើនេះ ដើម្បីរក្សាស្ថានភាពដើម និងបើកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជនសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ។

ក្នុងនោះដែរតាមរយៈការចូលសម្តែងមតិក្នុងទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្រដល់ចំណាត់ការរបស់អាជ្ញាធរខេត្តកែប ដោយសម្តេចបានលើកឡើងថា យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ឬ២នាក់បំផ្លាញផលប្រយោជន៍របស់ប្រជាជនច្រើននាក់នោះឡើយ។ ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះ កើតឡើងទៀតទេមិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេគឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់៕ ប្រភពអត្ថបទ៖ CNC