ក្រោយយោធាដណ្ដើមអំណាច និង ចាប់ខ្លួន លោកស្រី ស៊ូជី អាមេរិកគំរាមដាក់ទណ្ឌកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានគំរាមដាក់ទណ្ឌកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ បន្ទាប់ពីយោធារបស់ប្រទេសនេះបានចូលដណ្តើមអំណាច។
កងទ័ពមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និង ក្រុមមេដឹកនាំជាប់ឆ្នោតផ្សេងទៀត ដោយបានចោទប្រកាន់គណបក្សរបស់ លោកស្រី ស៊ូជី ថាបានលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសកលកាលពីវិច្ឆិកា ឆ្នាំមុន។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា «កម្លាំងទ័ពមិនគួរស្វែងរកការផ្តួលរំលំឆន្ទៈរបស់ពលរដ្ឋ ឬ ប៉ុនប៉ងលុបចោលលទ្ធផលនៃការបោះឆ្នោតដែលគួរឱ្យទុកចិត្តបាននោះទេ»។
លោកបាននិយាយថា អាមេរិកបានដកទណ្ឌកម្មពីមីយ៉ាន់ម៉ាកាលពីមួយទសវត្សរ៍កន្លងទៅដោយសារមីយ៉ាន់ម៉ាមានវឌ្ឍនភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
លោក បៃដិន បានបន្ថែមថា «បញ្ហានេះនឹងត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់ ហើយអាមេរិកនឹងក្រោកឈរកាពារលទ្ធិប្រជាធិបតេយ្យនៅគ្រប់ទីកន្លែងដែលលទ្ធិប្រជាធិបតេយ្យកំពុងរងការវាយប្រហារ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតឺរ៉េស (António Guterres) បានហៅសកម្មភាពនេះរបស់កងទ័ពមីយ៉ាន់ម៉ាថា «ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការកែទម្រង់លទ្ធិប្រជាធិបតេយ្យ» ខណៈដែលក្រុមប្រឹក្សាសន្តិសុខបានត្រៀមបើកកិច្ចប្រជុំបន្ទាន់មួយ។
ជាមួយគ្នានោះ អង្គការសហប្រជាជាតិក៏បានទាមទារឱ្យដោះលែងមនុស្សយ៉ាងហោចណាស់ ៤៥នាក់ដែលត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន៕



