សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវបង្កើនវិធានការរឹតបន្ដឹងច្បាប់តាមទិសដៅការងារ របស់ គ.ស.ច.គ.

8

កណ្តាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានធ្វើការអំពាវនាវ និងណែនាំដល់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ត្រូវបង្កើនការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែម៉ឹងម៉ាត់ ប្រកបដោយតម្លាភាព និងស្មើភាព។

ក្នុងកម្មវិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្រុងតាខ្មៅ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត បង្កើនវិធានការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមទិសដៅការងារ របស់ គ.ស.ច.គ. ឲ្យកាន់តែម៉ឺងម៉ាត់ដាច់ខាត ប្រកបដោយតម្លាភាព និងស្មើភាព សំដៅកាត់បន្ថយថែមទៀតនូវចំនួនហេតុការណ៍គ្រោះថ្នាក់ ចំនួនជនរងគ្រោះ និងបទល្មើសចរាចរណ៍ ឲ្យបានជាអតិបរមា និងត្រូវខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។

សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឲ្យបានទូលំទូលាយដល់គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ជាមួយនេះ ត្រូវបង្កើនការផ្សព្វផ្សាយជូនសាធារណជនជ្រាប់អំ ពីលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាពិសេស ការអំពាវនាវឲ្យចូលរួមគោរពច្បាប់ការបំភ្លឺបកស្រាយសំណូមពររបស់មហាជន និងការវាយបកបក្សាបឥទ្ធិពលនៃការផ្សាយព័ត៌មានមិនពិតឲ្យបានទាន់ ពេលវេលា។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា មន្ត្រីដឹកនាំអគ្គលេខាធិការដ្ឋាន និងអនុគណៈកម្មការទី២ ត្រូវចុះតាម រាជធានី-ខេត្ត ដើម្បីជួយជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យមានវឌ្ឍនភាព។ សម្ដេចធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមួយរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បី រួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ៕