បរុសដែលអួតអាងថា ជាកងរាជអាវុធហត្ថ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់បើកឡានកៀរម៉ូតូ

60

ភ្នំពេញ៖ បុរសម្នាក់ ដែលអួតអាងថា ជាសមត្ថកិច្ចកងរាជអាវុធហត្ថ និង ជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែតាមពិតជាបុគ្គលិករោងចក្រកាត់ដេរមួយកន្លែង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ ថ្លែងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថា «បុគ្គលដែលបង្កហេតុដកកាំភ្លើង និង បានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ៕