បញ្ចុះបឋមសិលាកសាងអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ នៅស្រុកស្វាយជ្រំ

4

(ស្វាយរៀង): នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្ដមសេនីយ៍ វរៈសេនីយ៍ស្នងការរងនគរបាលខេត្ត មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន វិបុល បានធ្វើការណែនាំដល់អស់លោកលោកស្រីជានាយ ជានាយរងនិងពលអាវុធហត្ថទាំងអស់ត្រូវខិតខំគោរពបទបញ្ជានិងវិន័យរបស់កងរាជអាវុធហត្ថ ការសាមគី្គភាពផ្ទៃក្នុងនៅក្នុងអង្គភាពក៏ដូចជាការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរដើម្បីបន្តការការពារសន្តិសុខ ការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួចឆក់ប្លន់ជាដើម។

ជាមួយនេះចូលរួមផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅតាមដងផ្លូវសាធារណៈនានា។ទន្ទឹមនេះកម្លាំងរាជអាវុធហត្ថគាត់ត្រូវថែរក្សាសុខភាពនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ19 ផងដែរ។

ឯកឧត្តម ម៉ែន វិបុល ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមជាងដែលទទួលការសាងសង់អាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រុំនៅទីនេះត្រូវខិតខំធ្វើសំណង់នេះឱ្យធានាគុណភាពជាប់បានយូរអង្វែងមានសោភ័ណភាព សាកសមជាកន្លែងធ្វើការងាររបស់កម្លាំងរាជអាវុធហត្ថដែលបំរើការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាអាគាររដ្ឋបាលមូលដ្ឋានថ្មីនៃកងរាជអាវុធហត្ថស្រុកស្វាយជ្រុំដែលនឹងចាប់ផ្តើមសាងសងនៅពេលខាងមុខនេះនេះគឺជាការចាប់ផ្ដើមអភិវឌ្ឍនូវសមិទ្ធិផលថ្មីសម្រាប់ឆ្នាំ 2021 នៅលើទឹកដីស្រុកស្វាយជ្រំខេត្តស្វាយរៀងសម្រាប់បម្រើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង៕ ដោយ:PK