ស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់ គ្រោះថ្នាក់ចរាចររវាងរថយន្ត RangRover បុកជាមួយរម៉ូតូរម៉កដឹកខ្ទឹម ហើយរ៉េចង្កូចទៅបុករថយន្តយីឌុប!

94

ខេត្តស្ទឹងត្រែងៈរថយន្តRangRoverដែលគេដឹងថាអ្នកបើកបរ ជាមន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត បើកក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុកជាមួយម៉ូតូរម៉កដឹកខ្ទឹមលក់ ហើយរ៉េចង្កូចបន្តទៅបុករថយន្តយីឌុប មួយគ្រឿងផ្សេងទៀតបណ្តាលអោយអ្នកបើកបរថយន្ត RangRover រងបួសស្រាល និងអ្នកបើកបរម៉ូតូរម៉ក បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកប្រពន្ធបានរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខផ្ទះតាអាយ លើផ្លូវជាតិលេខ៧ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ នាយការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក លោកវរសេនីយ៍ទោ ឈឿន ម៉េង បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្តម៉ាកRangRoverពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK.6925 បើកបរ ដោយឈ្មោះជិម សារិន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមន្រ្តីបំរើកាងារនៅស្ថានីយ៍ថ្លឹងរថយន្តរាជានុកូល(អូរពងមាន់)ខេត្តស្ទឹងត្រែង។  បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បានបុកជាមួយម៉ូតូរម៉ក ម៉ាកសេរុសពណ៍សគ្មានស្លាកលេខ បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ហាស យ៉តភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរបានស្លាប់នៅនឹងកន្លែងកើតហេតុ និងប្រពន្ធបានរងបួសធ្ងន់បញ្ជូន ទៅកាន់មន្ទីពេទ្យបង្អែកខេត្ត  អ្នកទាំង២មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ទោ បន្តថាបន្ទាប់ពីរថយន្តម៉ាកRangRoverបានបុកជាមួយម៉ួតូរម៉ករួចហើយ ក៏បានបន្តរ៉េចង្កូចទៅបុកជាមួយរថយន្តយីឌុប ចង្កូតស្តាំពាក់ស្លាកលេខPRV 0033បន្ថែមទៀត ដែលបើកបរបញ្ជាស់ទិសគ្នា បណ្តាលអោយមនុស្សនៅក្នុងរថយន្តម្នាក់បានរងរបួសស្រាលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដូចគ្នា។ ចំណែកឯតៃកុងរថយន្តយីឌុបបានរត់គេចខ្លួនបាត់(មិនស្គាល់អត្តសញ្ញាណ)។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៏ផ្លូវគោកបាននាំយករថយន្តនិងម៉ូតូរម៉កទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។ ដោយ.KC.36