ប្រជាពលរដ្ឋប្តឹង លោកស្រី គឹម ចន្នី ថាបានប្រើប្រាស់អំពើហឹង្សា និងលួចលក់អចលនៈទ្រព្យ តែលោកស្រីបដិសេធ និងអោយលុយ ៥០០០ដុល្លាជាថ្នូរនិងការចាកចេញដើម្បីបញ្ចប់រឿង ធ្វើអោយមហាជនមានចំងល់

99

ខេត្តកែប ៖ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពី លោកស្រី សាំង ដៀប និងកូន ឈ្មោះ ស៊ឹម ដាវ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សំរេចចិត្តប្តឹងលោកស្រី គឹម ចន្នី ដែលជាអភិបាលស្រុកដំណាក់ចង្អើរ និងលោក ច័ន្ទ សំអាន ពីបទប្រើប្រាស់ហឹង្សាមកលើអ្នកកាន់កាប់អចលនៈទ្រព្យដោយសន្តិភាព និងពីបទសមគំនិត លួចលក់អចលនៈទ្រព្យមិនមែនជារបស់ខ្លួនតាមមាត្រា ២៥៥ មាត្រា ២៦១ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ប្រព្រឹទ្ធទៅនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ នេះបើយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។

បើយោងតាពាក្យបណ្តឹងចុះថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០កន្លងទៅរបស់លោកស្រី សាំង ដៀប និងកូនស្រីឈ្មោះ ស៊ឹម ដាវ មានកម្មវត្តុថា ៖

១ សូមប្តឹងឈ្មោះ គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ និងបក្សពួក ពីបទប្រើអំណាចដោយរំលោភ និងប្រើប្រាស់អំពើហឹង្សាលើឈ្មោះ ស៊ឹម ដាវ (អាយុ ១៤ឆ្នាំពេលប្រព្រឹត្តបទល្មើស) និងប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនៈទ្រព្យដោយសន្តិភាព តាមមាត្រា ២៦១ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ប្រព្រឹត្តនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦។

២ ឈ្មោះ ច័ន្ទ សំអាន អាយុ ៦៤ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ J01EoE1 ផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទលួចលក់អចលនវត្តុដែលមិនមែនជារបស់ខ្លួន និងបក្សពួកតាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ ២០០១ ប្រព្រឹត្តនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦។

ការប្តឹងចោទនេះលោកស្រី សាំង ដៀប បានយោងលើឯកសារសំខាន់ៗ និង ភស្តុតាងនានាផងដែរ ពិសេស-កិច្ចសន្យាលក់អចលនទ្រព្យ ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ -លិខិតផ្ទេរកម្មសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ០២៦/១៦ ស ដ ច ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ -លិខិតសំណើរលក់ដីស្រែ ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៤ ជាដើម។

បើតាមការបញ្ជាក់របស់លោកស្រី សាំង ដៀប បានលើកឡើងថា ផ្ទៃដីដែលមានទំហំ ១៣២៥ ម៉ែត្រការេ ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប (ដីអណ្តូងទឹក) ជារបស់ឪពុកម្តាយលោកស្រីតាំងពីឆ្នាំ១៩៧៩ មកម្លេះ។ ហើយលោកស្រីបានកាន់កាប់បន្តពីឪពុកម្តាយនៅក្នុងឆ្នាំ១៩៩០។ តែដោយសារជីវភាពទើបតម្រូវអោយលោកស្រីនិងគ្រួសារទៅប្រកបរបរចិញ្ចឹមជីវិតនៅឯកោះទន្យាយ។   លោកស្រីសាំង ជៀបបានបញ្ជាក់បន្ថែមថា ៖ នៅក្នុងអំឡុងឆ្នាំ២០១៥ លោកស្រីនិងគ្រួសារបានវិលត្រលប់មកទឹកដីកំណើតវិញ ស្រាប់តែឃើញអណ្តូងទឹកដែលជាកម្មសិទ្ធរបស់ខ្លួនត្រូវបានគេជីកដោយមានទំហំធំជាងមុន។ ក្នុងពេលនោះដែរលោកស្រីបានសាកសួរអ្នកជិតខាងទើបដឹងថាអជ្ញាធរភូមិ-ឃុំ ជាអ្នកស្តារពង្រីក។   លើសពីនេះទៅទៀតលោកស្រីបានបន្តថា: កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ លោកស្រីបានដាក់ពាក្សបណ្តឹងម្តងរួចមកហើយ ទៅកាន់គណ:កម្មាធិការសុរិយោដីស្រុកតែមិនមានដំណោះស្រាយជូនលោកស្រីឡើយ។  កន្លងផុតទៅមិនយូរប៉ុន្មាននៅក្នុងរឿងរ៉ាវដ៏ចំរូងចំរាស់មួយនេះមិនទាន់ចប់នោះទេ ស្រាប់តែលេចវត្តមានរបស់លោកស្រី គឹម ចន្នី ដែលបច្ចុប្បន្នជាអភិបាលស្រុកដំណាក់ចង្អើរបានធ្វើការចុះហត្ថលេខាផ្ទេរសិទ្ធកាន់កាប់ដីធ្លីរបស់លោកស្រីទៅអោយអ្នកផ្សេងទៅវិញ! មិនត្រឹមតែប៉ុណ្ណោះ លោកស្រី គឹម ចន្នី ថែមទាំងបានច្រានចោលនូវរាល់ពាក្សបណ្តឹង របស់លោកស្រីថែមទៀតផង ដោយសំអាងថាដីនេះជាដីស្រះទឹករួម ។

បើយោងតាមសំរង់សំដីរបស់លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបានទទួលស្គាល់ថាពិតជាមានពាក្យបណ្តឹងជំទាស់ពីលោកស្រី សាំង ដៀប ពិតមែនក្នុងអំឡុងពេលកន្លងមក ក្រោយពីទទួលបានពាក្យបណ្តឹងលោកស្រីបានអោយការិយាល័យសុរិយោដីចុះស្រាវជ្រាវ ឃើញថាស្រះទឹកនេះបានជីកដោយប្រជាជន តាំងពីឆ្នាំ ១៩៩៣ ហើយប្រជាជនប្រើនិងស្តារនៅឆ្នាំ ២០០២ និង ២០១៥បន្តទៀត មានរយៈពេលជាង ២០ឆ្នាំដែលប្រជាជនប្រើប្រាស់ ខ្ញុំក៏ច្រានចោល ហើយបានហៅគាត់មកណែនាំ អំពីផ្លូវច្បាប់ និងអោយគាត់ដាក់ពាក្យនៅគណៈកម្មការសុរិយោដីខេត្ត។

ដោយឡែកពាក់ព័ន្ធការប្រើហឹង្សា លោកស្រីបានបន្តថា ៖ កាលនោះនៅពេលខ្ញុំបានទៅណែនាំអោយប្រជាពលរដ្ឋសាងសង់តូបនៅលើផ្លូវប្របមាត់សមុទ្រ ៣ខ្នងអោយរុះរើចេញ រួចរាល់នោះខ្ញុំនិងក្រុមការងារបានចុះទៅផ្ទះគាត់ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងចង់ដឹងរឿងដែលគាត់សុំខ្ញុំជួយដី និងផ្ទះ។ កាលនោះខ្ញុំបានផ្តល់តាមសំណូមពរ ថានិងសុំក្រុមការងារ ហើយលុយពួកខ្ញុំ ទិញដីសាងសង់ផ្ទះជូនគាត់នៅភូមិខាងលើ សាំង ដៀប ឆ្លើយថា អោយគាត់ទៅនៅឆ្ងាយមិនស្គាល់គេអត់ចេះនៅទេ ខ្ញុំក៏ប្រាប់ថាបើអញ្ចឹងមីងចង់ទៅរស់នៅកន្លែងណា ចង់យកលុយក៏បានខ្ញុំសុំក្រុមការងារ និងលុយពួកខ្ញុំប្រហែល ៥ ០០០ ដុល្លាទេ គាត់ថាសុំគិតជាមួយកូនសិន ស្រាប់តែទៅដល់ខ្ញុំសួរកូនគាត់ថាម៉ាក់នៅណា? ស្រាប់តែគាត់ជេរពីក្រោយផ្ទះ មកជេរមេឃុំ មេភូមិ ឃើញដូចនោះខ្ញុំប្រាប់ថាកុំអោយថត ខ្ញុំមិនមែនមេភូមិ មេឃុំទេ បើថតបណ្តើរ ជេរបណ្តើរចឹងហាក់ដូចជាជេរខ្ញុំអញ្ចឹង ហើយខ្ញុំក៏លើកដៃបាំងកាមេរ៉ា កូនគាត់ថយក្រោយថតទៀតអត់ស្តាប់គ្នាបាន ខ្ញុំនិងក្រុមការងារក៏បានត្រឡប់មកផ្ទះវិញតាំងពីពេលនោះមកមិនដែលបានទៅកន្លែងនោះទៀតទេ។

ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ និងបន្តការតាមដានដើម្បីស្វែងរកភាពត្រឹមត្រូវជូនដល់អ្នករងគ្រោះពិតប្រាកជ និងដើម្បីជាព័ត៌មានចែកជូនមហាជនអោយបានជ្រាបផងដែរ។ ពិសេសនិងស្រាយចំងល់មហាជនអំពីមូលហេតុអ្វីខ្លះទើបលោកស្រី គឹម ចន្នីនិងក្រុមការងារហ៊ានចំនាយលុយរហូតដល់ ៥០០០ ដុល្លា ជាថ្នូរក្នុងការបញ្ចប់រឿង ហើយអោយលោកស្រី សាំង ដៀប ចាកចេញពីទីតាំងនោះ? តើលោកស្រី គឹម ចន្នី និងក្រុមការងារពិតជាចិត្តល្អ មានសំបូរទ្រព្យចែកប្រជាជនដោយសុច្ចចិត្តមែនឬ? អង្គភាពយើងនិងរងចាំទទួលយកនូវការស្រាយបំភ្លឺនានា ពិសេសគ្រប់ភាគីពាក់ព័ន្ធអាចផ្តល់ឯកសារពាក់ព័ន្ធដើម្បីការពារកិត្តយសនិងផលប្រយោជន៍រៀងៗខ្លួនផងដែរ បើសិនជាយល់ថាចាំបាច់៕ ដោយ kc 01