ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុង ក្របខណ្ឌអាស៊ាន(SOMTC)

63

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារ SOMTC ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានផ្តល់អនុសាសន៍ដល់ក្រុមការងារ SOMTC ទាំងអស់ ត្រូវរួបរួមគ្នាធ្វើការងារឲ្យទទួលបានជោគជ័យ ដើម្បីឲ្យតំណាងក្រសួងមហាផ្ទៃ ជាពិសេសតំណាងកម្ពុជា ក្នុងវេទិការនានា របស់អាស៊ានពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  ជាមួយបណ្ដាប្រទេសដទៃទៀត ដែលជាសមាជិកអាស៊ាន។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្ដេជ្ញាចិត្តនឹងធ្វើការងារឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យផងដែរ។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) មានចំនួន៣ រួមមាន ៖ ទី១-ប្រកាសសមាសភាពក្រុមការងារ SOMTC ដែលក្រសួងមហាផ្ទៃបានរៀបចំឡើង,ទី២-ស្វែងយល់អំពីប្រវត្តិខ្លឹមសារទាក់ទងទៅនឹងក្រុមការងារ SOMTC និងទី៣-ទិសដៅបន្ដអនុវត្តក្នុងក្របខណ្ឌសេនាធិការក្រសួងមហាផ្ទៃ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន។

ជាងនេះទៅទៀត ក្រុមការងារ SOMTC ក៏មានតួនាទីជាច្រើន ដូចជា ៖ ប្រឆាំងឧក្រិដ្ឋកម្មឆ្លង, ប្រឆាំងអំពើលួចលើផ្ទៃសមុទ្រ, ប្រឆាំងបទល្មើសបច្ចេកវិទ្យា, ប្រឆាំងបទល្មើសសេដ្ឋកិច្ចអន្ដរជាតិ ព្រមទាំង ប្រឆាំងបទល្មើសជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ បន្ថែមពីនេះ ក្រុមការងារ SOMTC ក៏មានតួនាទី ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានា ដើម្បីពង្រីងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ ឧក្រិដ្ឋឆ្លងដែន ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕