នាយករដ្ឋបាលខែត្រស្វាយរៀង ព្រមានប្តឹងអ្នកសារព័ត៌មាន បើនៅតែបន្តលាតត្រដាងរឿងក្បត់ជាតិលួចលក់ដីសល់ពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម !

95

ស្វាយរៀង ៖ ច្បាប់បានចែងហើយថាពលរដ្ឋខ្មែរចាប់ពីអាយុ 18 ឆ្នាំមានសិទ្ធិធ្វើសាក្សី តើលោកមានយល់ច្បាប់ទេ? បើនៅបន្តខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំប្ដឹងព្រហ្មទណ្ឌ សូមទុកពេលរាប់អានថ្ងៃក្រោយ កុំជឿកាញុះញ៉ុង របស់ លោកផុន។ នេះជាសំណេរដែលក្រុមការងារយើងទទួលបានពីលោកចិន សាធាន នាយករដ្ឋបាលចេះច្បាប់ប្រចាំខែត្រស្វាយរៀង

ក្រោយអង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី ចេញផ្សាយជាបន្តបន្ទាប់អំពីអំពើក្បត់ជាតិលួចលក់ដីសល់ពីការបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា វៀតណាម ឲ្យឧកញ៉ា លី ហុងស៊ីន ប្រធានតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត រួចមក។តើមានរឿងអ្វីខ្លះដែលនាំអោយលោក ចិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀងឆេះដុំដល់ថ្នាក់នេះ? បើក្នុងលិខិតទិញលក់នោះមានត្រឹមតែឈ្មោះលោកជាសាក្សីនោះ? តែទំនងប្រហែលជាក្តៅជួសឆ្នាំងហើយមើលទៅ ឬដឹងមុនថារឿងនេះលាក់មិនជិតដឹងដល់ព្រះឥន្ទ្រ? ព្រោះក្រដាសមិនអាចខ្ចប់ភ្លើងបានយូរនោះទេ ហើយបើមិនចង់អោយគេដឹងលុះត្រាតែកុំប្រព្រឹទ្ធិ !

លោក ពេញ សុផុន និងភរិយា

ទំនងមិនចង់ទួលរែកកម្មពៀ ស្អុយឈ្មោះអសោចកេរ្តិ៍រឿងលួចលក់ដីរដ្ឋ គ្រប់លើដីរាស្រ្តនាំអោយកើតជារឿងរហូតដល់ពេលនេះមានអ្នកបានផ្អែមដូចគ្នាដែរ លោក ហាស់ ផល្លារិទ្ធិមាននាទីជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍តាមបណ្តោយព្រំដែន ដែលបានចុះមកធ្វើការងារព្រំដែននៅខែត្រស្វាយរៀងអំឡុងឆ្នាំ ២០០៧ បានបញ្ជាក់អោយដឹងថា ដីនៅជាប់ព្រំដែលបានផ្ទេរឲ្យឧកញ៉ា លី ហុង ស៊ីន នេះពិតជាដីសល់សំណល់ពីការដែលភាគីវៀតណាមអាស្រ័យផលកន្លងមក ហើយការលក់នេះជាការរៀបចំរបស់លោក ចិន សាធាន នាយករដ្ឋបាលសាលាខែត្រស្វាយរៀង និងលោក សោម សារឿន ជាមេការរបស់ឧកញ៉ា ហើយលុយដែលលក់បាននោះត្រូវបានចែកអោយលោក ចិន សាធាន ផងដែរ។

ស្តាប់ចប់ដឹងរឿង ខ្សឹបតិចៗលឺពេញប្រទេស ហេតុផលនេះទេដឹងទើបលោក ចិន សាធាន ព្យាយាមអែបខ្លួនអោយឆ្ងាយពីរឿង ពេលគេលើកឈ្មោះមកនិយាយខឹងដល់ថ្នាក់នេះ?
ចុះបើដូចការរាយរាប់របស់លោក ហាស់ ផល្លារិទ្ធិ មែន តើនិតិវិធីចេញប្លង់រឹងមានបុគ្គលណាខ្លះជាអ្នកប្រើអំណាចសម្របសំរួលរហូតបានសម្រេច ឈានទៅប្រើកំលាំងបណ្តេញលោក ពេញ សុផុន ចេញពីស្រែនាំអោយបែករឿង?
តើការអះអាងរបស់លោក ចិន សាធាន នាយករដ្ឋបាលចេះច្បាប់ត្រឹមត្រូវដែរឬទេ ដែលអះអាងថាខ្លួនមិនមានពាក់ព័ន្ធជាមួយករណីទំនាស់នេះ? ហើយរុញរឿងនេះថាជាទំនាស់រវាងលោក លី ហុង ស៊ីន និងលោក ពេញ សុផុន ទាំងដែលខ្លួនចេញមុខធ្វើជាសាក្សី អះអាង និងទទួលបានសំណូកពីការលួចលក់ដីនេះផងដែរ?

ជាបន្តបន្ទាប់មានលិខិតប្រតិកម្ម បដិសេធ ទាត់ចោលទាំងស្រុងថាព័ត៌មានដែលផ្សាយគ្មានការពិត គ្មានប្រភពច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ដោយខ្វះក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។សារព័តមានគឺជាកញ្ចក់ឆ្លុះសង្គម ក្នុងករណីលួចជាតិនេះអាចផ្សាយចេញទៅបាន ដោយយោងលើលិខិតដែលអង្គភាពយើងទទួលបានរាប់សិបសន្លឹកសុទ្ធតែជាស្ថាប័នរដ្ឋសំខាន់ៗក្នុងនោះក៏មានលិខិតលេខ ១៧១៧ ដសន/អគ្គាធិ របស់ក្រសួងដែនដីផងដែរ ដែលមានសេចក្តីថា ឈ្មោះ ពេញ សុផុន មានប្រវត្តិកាន់កាប់ និងអាស្រ័យផលលើដីស្រែចំនួន ០២ ទីតាំង

ក្នុងនោះមួយ ទីតាំងបានលក់ ឱ្យទៅអ្នកដទៃរួចហើយ និងដីមួយទីតាំងទៀតទំហំ ៤,០៣ ហិកតា ស្ថិតនៅភូមិតាបិប ឃុំបាវិត ស្រុកចន្ទ្រា បច្ចុប្បន្នស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានដាក់ពាក្យស្នើសុំកាន់កាប់ ដីលេខ ១០/០៤ ចុះថ្ងៃទី ០៣ ខែមកវា ឆ្នាំ ២០០៤ និងមានបង្កាន់ដៃទទួលពាក្យលេខ ០២០៩/០៤ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០៤ ចេញដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកចន្ទ្រា និងគំនូសបង្ហាញទីតាំងដីចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៣ របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងបាវិត។

ចំណែកឈ្មោះ ហាស់ ផល្លារិទ្ធិ និងឈ្មោះម៉ក់ ស៊ីថា មិនមានប្រវត្តិកាន់កាប់ដីនៅ តំបន់នោះទេ ប៉ុន្តែបានលក់ដីនៅតំបន់នេះទំហំ ២៣,៥ ហិកតាឱ្យទៅឈ្មោះ លី ហុងស៊ីន នៅឆ្នាំ ២០១៥ ដែល ដីនេះ មួយផ្នែកធំជាសំណល់ដីព្រំដែន និងមួយផ្នែកទៀតគ្របលើដីរបស់ឈ្មោះ ពេញ សុផុន ខាងលើ។

គួរបញ្ជាក់ជូនជាថ្មីម្តងទៀតក្រែងមិត្តអ្នកស្តាប់មិនទាន់ដឹងសារបានរឿង ដីសំណល់ពីការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា វៀតណាម ដែលជនជាតិវៀតណាមចូលមកធ្វើស្រែពេលមិនទាន់មានការបោះបង្គោលកំណត់ព្រំដែនត្រឹមត្រូវ និងបន្ទាប់ពីបោះបង្គោលព្រំដែនរួច ជនជាតិវៀតណាមចាកចេញអស់ ហើយត្រូវបានរដ្ឋាភិបាលឯកភាពឲ្យបន្តថែរក្សាទុក.

 

និងចុះបញ្ជីរចំណែកដីដែលកម្ពុជាទទួលបានពីការបោះបង្គោល និងខណ្ឌសីមាជាមួយប្រទេសជិតខាង ក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសិន ដើម្បីទុកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការពលរដ្ឋនៅពេលក្រោយ ត្រូវបានលោក ហាស់ ផល្លារិទ្ទិ លួចលក់អោយលោកឧកញ៉ា លី ហុងស៊ីន ប្រធានតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ទើបកើតជារឿងរហូតដល់បច្ចុប្បន្ន៕